តំណាងអយ្យការសម្រេចចោទប្រកាន់ អ្នកបើករថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យតារារ៉េប បាត់បង់ជីវិត
យោងតាម ឯកសារមន្ត្រីសាធារណៈ នៅល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាស សម្រេចចោទប្រកាន់អ្នកបើកបររថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យតារាចម្រៀងរ៉េបម្នាក់ស្លាប់ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ កាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង០១និង៣០នាទី។
ដោយករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើង នៅចំណុចមុខច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តមួយគ្រឿងម៉ាក LEXUS RX-330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 09 2.4771 ជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាក HONDA CRF ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1AL-9616 បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ភេទប្រុស អាយុ ២៤ឆ្នាំ ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។ ផ្អែកតាមការសន្និដ្ឋានរបស់មន្ត្រីនគរបាល ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ករណីខាងលើនេះ កើតឡើងដោយសារ អ្នកបើកបររថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនគោរពសិទ្ធិយានផ្លូវត្រង់ ចំណែកអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។
ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងក្នុងសំណុំរឿង តំណាងអយ្យការសម្រេចចោទប្រកាន់ លើអ្នកបើកបររថយន្តឈ្មោះ ណឹម ណាង ភេទប្រុស កើតឆ្នាំ១៩៨៩ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូន សំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕
ប្រភព៖ ឯកសារមន្ត្រីសាធារណៈ