
យោធភូមិភាគទី៣កម្ពុជា-កងការពារព្រំដែន ច័ន្ទបុរី-ត្រាតថៃ ប្តេជ្ញាពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អតាមបន្ទាត់ព្រំដែន

កំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ និងឧត្តមសេនីយ៍ឯក អភិធាន សាប់ប្រាក់សឺត មេបញ្ជាការ ការពារព្រំដែនចន្ទបុរី-ត្រាត នៅ នៅទីបញ្ជាការយោធភូមិភាគទី៣ បានប្តេជ្ញាពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អតាមបន្ទាត់ព្រំដែន។
ការប្តេជ្ញារបស់ភាគីទាំងពីរកម្ពុជា-ថៃ នេះបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឧត្តមសេនីយ៍ឯក អ៊ុយ ហៀង និងគណៈប្រតិភូ កងការពារព្រំដែន ច័ន្ទបុរី-ត្រាត ព្រះរាជាណាចក្រថៃ ដឹកនាំដោយឧត្តមនាវីឯក អភិធាត សាប់ប្រាក់សឺត នាខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងជំនួបសម្ដែងគួរសម និងពិភាក្សាការងារ ភាគីទាំងពីរ បានលើកឡើងពីគោលបំណង និងរឹតចំណងទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា-ថៃ និយាយរួម និងនិយាយដោយឡែក រវាងយោធភូមិភាគទី៣ និងកងការពារព្រំដែន ច័ន្ទបុរី-ត្រាត អោយមានភាពរឹងមាំ ដោយខិតខំពង្រឹង រក្សាសន្តិសុខ ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍន៏ ជូនដល់ប្រជាជននៃប្រទេសទាំងពីរ ដែលរស់តាមបណ្ដោយខ្សែរបន្ទាត់ព្រំដែន ។
ភាគីទាំងពីរ ក៏បានថ្លែងការកោតសរសើរ ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ដែលសមត្ថកិច្ចនៃប្រទេសទាំងពីរ បានផ្ដល់ផលល្អ ចំពោះការអភិវឌ្ឍន៏ ស្ថិរភាព សន្តិភាព របៀបរៀបរយតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ព្រមទាំងបានសំណូមពរអោយភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់តាមបណ្ដោយខ្សែរបន្ទាត់ព្រំដែនអោយកាន់តែមានភាពល្អប្រសើរ និងទំនុកចិត្តថែមទៀតផង៕
