Cambodia Trending Close

រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់រដូវកាលបៃតង (Green Season)

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ ទេសចរណ៍ សង្គម
រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់រដូវកាលបៃតង (Green Season) រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំ និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់រដូវកាលបៃតង (Green Season)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យទេសចរណ៍ និងតំណាងសមាគមទេសចរណ៍កម្ពុជា សហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា ឯកឧត្តមនាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) រួមទាំងក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍កម្ពុជា សរុបចំនួន៦៨នាក់ នៅទីស្តីការក្រសួងទេសចរណ៍។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មហាគ្រួសារវិស័យទេសចរណ៍ កាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥ បានគាំទ្រការដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ជំនួសឱ្យពាក្យរដូវកាលថយភ្ញៀវនារដូវវស្សា ចាប់ពីខែមេសា ដល់ខែតុលា ដោយផ្តល់ជូនដល់អ្នកទេសចរនូវបទពិសោធ ទេសចរណ៍ដ៏សែនស្រស់ស្រាយ និងសម្រស់ដ៏ល្អឯករបស់ប្រទេសកម្ពុជានារដូវវស្សា ដែលទេសភាពពោរពេញដោយពណ៌បៃតង អាកាសធាតុត្រជាក់ និងបរិយាកាសដ៏ស្ងប់ស្ងាត់។ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី និង ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរឱ្យបានច្រើនគ្រប់ខែ ជាពិសេសក្នុងរដូវកាលបៃតងនេះ ដែលបានចង្អុលបង្ហាញក្រសួងទេសចរណ៍ ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន រៀបចំយន្តការអនុវត្តគំនិតផ្តួចផ្តើមនេះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានថ្លែងថា ការចូលរួមពីសំណាក់វិស័យឯកជន បងប្អូនក្រុមអ្នកផលិតមាតិកាទេសចរណ៍កម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី នឹងទទួលបាននូវធាតុចូលល្អៗ កាន់តែច្រើនបន្ថែមទៀត ដើម្បីដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរនៅក្នុងរដូវកាលបៃតង (Green Season) ឱ្យមានកំណើនបន្ថែមលើសពីការរំពឹងទុក។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥ នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជាមានចំនួនជិត២លាននាក់ ពោលគឺកើនឡើងជាង ១៦% (ដប់ប្រាំមួយភាគរយ) បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ នេះសបញ្ជាក់ឱ្យឃើញអំពីសក្តានុពលទេសចរណ៍ និងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ ម្ហូបអាហារដ៏មានឱជារស ការកម្សាន្តដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ ដែលជំរុញឱ្យភ្ញៀវទេសចរ ជ្រើសរើសអញ្ជើញមកទស្សនា និងកម្សាន្តនាពេលបច្ចុប្បន្ននេះ។
ដើម្បីពង្រឹងគុណភាពការធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងរដូវកាលបៃតង (Green Season) នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើវិស័យឯកជនត្រូវរួមគ្នាបញ្ចុះតម្លៃស្នាក់នៅតាមសណ្ឋាគារ និងម្ហូបអាហារ ការពង្រឹងបដិសណ្ឋារកិច្ចឱ្យល្អ និងកក់ក្តៅ ជាពិសេសត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត ដោយត្រូវរៀបចំជាលក្ខណៈយុទ្ធសាស្ត្រ និងប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណវប្បធម៌ខ្មែរ ជាពិសេសកិច្ចសហការឱ្យបានសកម្ម និងផុសផុលពីបណ្តាភាំគីពាក់ព័ន្ធទាំងអស់ ជាជវភាពនៃតួអង្គតែមួយ ដើម្បីរួមគ្នាសម្រេចឱ្យបាននូវកំណើនភ្ញៀវទេសចរបន្ថែមទៀតនាឆ្នាំ២០២៥ នេះ៕

អត្ថបទទាក់ទង