
ថៃពង្រឹងវិធានការពារ ការរាលដាលវីរុសកូវីដ-១៩ បំប្លែងថ្មី XEC ខណៈកើនករណីឆ្លងលឿនជាងមុន ៧ ដង
ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានបង្ហាញការព្រួយបារម្ភខ្ពស់ចំពោះវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីឈ្មោះ XEC ដែលឥឡូវនេះមានសមត្ថភាពឆ្លងលឿនជាងវីរុសផ្ដាសាយធម្មតាដល់ទៅ ៧ ដង។
លោក Somsak Thepsuthin រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាឲ្យផ្លាស់ប្តូរវិធានការ និងកម្លាំងមនុស្សដើម្បីការពារក្រុមមនុស្សងាយរងគ្រោះ ជាពិសេសនៅក្នុងសាលារៀន ដែលកំពុងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់។ លោកបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ ប្រទេសថៃបានឈានចូលសប្ដាហ៍ទី ២១ នៃការអនុវត្តវិធានការគ្រប់គ្រងជំងឺនេះ។
បើយោងតាមរបាយការណ៍ បានបង្ហាញថា គិតមកទល់ពេលនេះ មានករណីឆ្លងវីរុស XEC ចំនួន ១០៨,៨៩១ ករណី និងករណីស្លាប់ចំនួន ២៧ ដែលភាគច្រើនស្ថិតក្នុងក្រុម «៦០៨ group» រួមមានមនុស្សចាស់ អ្នកជំងឺមានជម្ងឺប្រចាំកាយ និងស្ត្រីមានផ្ទៃពោះ។ ជាក់ស្ដែង ករណីស្លាប់ក្នុងឆ្នាំនេះ ៨០% គឺជាមនុស្សចាស់។ កុមារនៅសាលារៀនក៏ត្រូវបានគេបញ្ជាក់ថាដែលកំពុងរងគ្រោះពីវីរុសនេះផងដែរ។
បើទោះបីជាវីរុសបំប្លែងថ្មីនេះមិនធ្វើអោយមានអាការធ្ងន់ធ្ងរច្រើនក៏ដោយ ក៏អាជ្ញាធរថៃនៅតែព្រួយបារម្ភខ្លាំង ដោយសារការរាលដាលឆ្លងយ៉ាងរហ័សរបស់វា។ រដ្ឋបាលក្រុងបាងកកបានជម្រុញឲ្យសាលារៀនទាំងអស់ពង្រឹងការត្រួតពិនិត្យ និងការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសការផ្ទុះឆ្លងជាចង្កោមក្នុងសាលារៀន។
គួររំឭកថា កាលពីសប្ដាហ៍មុន ប្រទេសថៃបានកំណត់ឃើញអ្នកឆ្លងកូវីដចំនួន ៤៣,២១៣ ករណី រួមទាំងអ្នកព្យាបាលនៅផ្ទះ និងមន្ទីរពេទ្យ។ ក្នុងចំណោមនេះ មានអ្នកស្លាប់បន្ថែម ៣ ករណី នៅខេត្ត Kanchanaburi, Sukhothai និងសង្កាត់ Noi នៃក្រុងបាងកក៕

