Cambodia Trending Close

ភ្នំភ្លើង Kilauea ផ្ទុះឡើងជាលើកទី ២៣ ជាមួយនឹងកម្រិតកំអែឡើងដល់ជាង ៣០០ ម៉ែត្រ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
ភ្នំភ្លើង Kilauea ផ្ទុះឡើងជាលើកទី ២៣ ជាមួយនឹងកម្រិតកំអែឡើងដល់ជាង ៣០០ ម៉ែត្រ ភ្នំភ្លើង Kilauea ផ្ទុះឡើងជាលើកទី ២៣ ជាមួយនឹងកម្រិតកំអែឡើងដល់ជាង ៣០០ ម៉ែត្រ

នៅរសៀលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៥ ភ្នំភ្លើង Kilauea ដែលស្ថិតនៅលើកោះហាវ៉ៃ បានផ្ទុះឡើងជាលើកទី ២៣ ដោយមានកម្លាំងខ្លាំងជាប់គ្នា បញ្ចេញកំអែភ្លើងក្រហមកម្ពស់ជាង ៣០០ ម៉ែត្រ ឡើងទៅលើអាកាស។

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ភ្នំភ្លើងនេះបានចាប់ផ្ដើមផ្ទុះនៅម៉ោង ៤ និង ១៥ នាទីរសៀល ក្នុងកម្លាំងដ៏ខ្លាំងក្លាជះទាំងកំអែ និង ផ្សែងយ៉ាងខ្មួលខ្មាញ់ទៅលើអាកាស។ បើតាមភ្នាក់ងារសង្កេតភ្នំភ្លើងនៅកោះហាវ៉ៃបានឱ្យដឹងថា សកម្មភាពភ្នំភ្លើងផ្ទុះកត់ត្រាឃើញដំបូងនៅទីតាំងមាត់ភ្នំភ្លើងនៅភាគខាងជើង ដោយកម្លាំងផ្ទុះបានកើនឡើងយ៉ាងរហ័ស និង ឈានដល់ចំណុចកំពូលនៅវេលាម៉ោងប្រមាណជា ៤ និង ៥០ នាទី។ មាត់ភ្នំភ្លើងនៅភាគខាងត្បូងក៏បានចាប់ផ្ដើមផ្ទុះដែរនៅប្រមាណជា ២៥ នាទីក្រោយមក ជាមួយនឹងការហូរកំអែក្នុងកម្លាំងទាប។

រហូតដល់ម៉ោង ៥ និង ២០ នាទីល្ងាច កំអែភ្នំភ្លើងនៅមាត់ភ្នំភាគខាងជើងក៏បានផ្ទុះជះឡើងទៅលើអាកាសក្នុងកម្ពស់រហូតដល់ជាង ៣០០ ម៉ែត្រ ដែលកម្ពស់នេះគឺប្រហាក់ប្រហែលទៅនឹងកម្ពស់នៃប៉មតួអេហ្វែលនៅប្រទេសបារាំង ខណៈកំអែនៅមាត់ភ្នំភ្លើងខាងត្បូងជះបាចសាចឡើងលើក្នុងកម្ពស់ជិត ៧០ ម៉ែត្រ។

តាមរយៈទិដ្ឋភាពដែលថតបានពីកាមេរ៉ារបស់ទីភ្នាក់ងារ USGS បានបង្ហាញឱ្យឃើញដែរថា បន្ទុះភ្នំភ្លើងបានថមថយទៅវិញបន្តិចម្ដងៗក្រោយថ្ងៃលិចទៅ។ ដល់ត្រឹមម៉ោង ១០ យប់ ភ្នំភ្លើងខាងជើងក៏បានថយវិញអស់ទាំងស្រុង ខណៈភ្នំភ្លើងនៅខាងត្បូងបញ្ឈប់លែងផ្ទុះនៅម៉ោង ១០ និង ២៥ នាទីយប់។ បើទោះជាភ្នំភ្លើងលែងផ្ទុះហើយមែន ប៉ុន្តែភ្លើងនៅតែមើលឃើញពីខាងក្នុងមាត់ភ្នំ ខណៈកំអែនៅបន្តហូរចេញពីមាត់ភ្នំ Halemaʻumaʻu។

គួរឱ្យដឹងថា ភ្នំភ្លើង Kilauea បានចាប់ផ្ដើមផ្ទុះឡើងកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ដោយបន្ទុះភាគច្រើនកើតឡើងមិនដល់ពេលមួយថ្ងៃទេ និង ឈប់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃ។ ការផ្ទុះឡើងក្នុងពេលថ្មីៗបំផុតគឺចាប់ផ្ដើមនៅព្រឹកថ្ងៃ ១៦ ខែឧសភា កន្លងទៅ ដោយបញ្ចប់ទៅវិញប្រមាណជា ១០ ម៉ោងក្រោយ៕

អត្ថបទទាក់ទង