
រដ្ឋបាលក្រុងបាងកកត្រៀមខ្លួនទប់ទល់នឹងគ្រោះទឹកជំនន់ ខណៈទឹកទន្លេចៅប្រាយ៉ាហក់ឡើងខ្លាំង
បាងកក៖ រដ្ឋបាលក្រុងបាងកកកំពុងអនុវត្តវិធានការជាច្រើនក្នុងការត្រៀមទប់ទល់នឹងគ្រោះអាសន្នទឹកជំនន់ ខណៈដែលកម្ពស់ទឹកក្នុងទន្លេចៅប្រាយ៉ាកំពុងបន្តហក់ឡើងខ្លាំងជារឿយៗ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ The Nation កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥ ការជូនដំណឹងនេះបានចេញក្រោយការរាយការណ៍ពីស្ថានភាពអាកាសធាតុ និងការបើកបង្ហូរទឹកពីទំនប់នៅខាងលើ។
រដ្ឋបាលក្រុងបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធចូលរួមចាត់វិធានការជាបន្ទាន់ ដោយចុះទៅពិនិត្យនិងត្រួតពិនិត្យសភាពជញ្ជាំងការពារទឹកជំនន់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗតាមដងទន្លេចៅប្រាយ៉ា ក៏ដូចជាប្រឡាយសំខាន់ៗដូចជា Khlong Bangkok Noi, Khlong Mahasawt និង Khlong Phrakhanong។
នៅក្នុងទិសដៅដូចគ្នា អាជ្ញាធរថៃក៏បានព្រមានដល់ខេត្តចំនួន ១១ ដូចជា Uthai Thani, Chai Nat, Singburi, Ang Thong, Ayutthaya, Suphanburi, Lopburi, Pathum Thani, Nonthaburi, Samut Prakan និងក្រុងបាងកកឲ្យប្រុងប្រយ័ត្នចំពោះការកើនឡើងនៃកម្ពស់ទឹកដែលអាចមានចន្លោះពី ០.៥០ ដល់ ១.៣០ ម៉ែត្រ នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។
តាមការបញ្ជាក់ពីលោក Jessada Chandraprabha ប្រធាននាយកដ្ឋានលូ និងប្រព័ន្ធបង្ហូរទឹកនៃប្រទេសថៃ បានបង្ហាញថា រដ្ឋបាលក្រុងបាងកកកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានធារាសាស្ត្រ, នាយកដ្ឋានជលសាស្ត្រ, កងទ័ពជើងទឹក និងភ្នាក់ងារមានសមត្ថភាពផ្សេងទៀត ដើម្បីតាមដានស្ថានភាព និងចេញសេចក្តីព្រមានពេលចាំបាច់។
រម្លឹកទៅកាលពីឆ្នាំ ២០២២ កន្លងមក លោកនាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយនៃសាកលវិទ្យាល័យ Rangsit បានបង្ហាញផែនទីដែលបញ្ជាក់ថា ទីក្រុងបាងកក និងតំបន់ជុំវិញកំពុងប្រឈមនឹងហានិភ័យលិចលង់ជាលក្ខណៈធ្ងន់ធ្ងរ បើសិនជាមិនមានវិធានការទប់ស្កាត់អាសន្ននាពេលអនាគតនោះ។
លោកបានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលមិនទទួលខុសត្រូវចំពោះបញ្ហានេះទេ ក្រុងបាងកកអាចត្រូវចាត់ចែងផ្លាស់ទីតាំងទៅកន្លែងថ្មីមួយនៅមុនឆ្នាំ ២១០០៕

