Cambodia Trending Close

ទីបំផុត សហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 14:21 pm ព័ត៌មានអន្តរជាតិ
ទីបំផុត សហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់ ទីបំផុត សហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់

(វ៉ាស៉ីនតោន)៖ ទីបំផុតសហរដ្ឋអាមេរិក បានចូលរួមជាផ្លូវការក្នុងសង្រ្គាមរបស់អ៉ីស្រាអែល ដោយកាលពីថ្ងៃសៅរ៍ ទី២១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា យោធាអាមេរិក បានធ្វើសកម្មភាពវាយប្រហារទៅលើ ទីតាំងនុយក្លេអ៊ែរ៣កន្លែងរបស់អ៉ីរ៉ង់ ក្នុងនោះរួមមានទាំងកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមដី នៅទីតាំង ហ្វ័រដូ Fordo។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «យើងបានសម្រេចការវាយប្រហារដ៏ជោគជ័យលើទីតាំងនុយក្លេអ៊ែរ ៣កន្លែងនៅប្រទេសអ៉ីរ៉ង់ រួមមាន ហ្វ័រដូវFordow, ណាតានស Natanz និង អេសហ្វាហាន Esfahan»។

សេចក្តីប្រកាសនេះកើតមានឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក ត្រាំ បាននិយាយថា រូបលោកនឹងសម្រេចចិត្ត ក្នុងរយៈពេល២សប្តាហ៍ ថាតើនឹងចូលរួម ឬមិនចូលរួម ក្នុងសង្រ្គាមអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់។ ទីក្រុងតេហេរ៉ង់ ធ្លាប់បានគំរាមសងសឹកលើ កងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា ប្រសិនបើលោក ត្រាំ ចូលរួមជាមួយអ៉ីស្រាអែល វាយប្រហារលើខ្លួន។

គួរបញ្ជាក់ថា នៅថ្ងៃដដែលមុនលោក ត្រាំ ប្រកាសដូចខាងលើ មានសេចក្តីរាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែក B-2 ដែលត្រូវគេស្គាល់ថា អាចផ្ទុកគ្រាប់បែកបំកម្ទេចទីតាំងក្រោមដីជ្រៅៗនោះ បានហោះចាកចេញពីសហរដ្ឋអាមេរិក។ យ៉ាងណាមិញ លោក ត្រាំ មិនបានប្រាប់ថា ប្រតិបត្តិការខាងលើបានប្រើប្រាស់យន្តហោះ ឬគ្រាប់បែកប្រភេទណាឡើយ៕

ប្រភព:AFP

អត្ថបទទាក់ទង