
វៀតណាមព្រមានអំពីការរាតត្បាតជំងឺប៉េស្តជ្រូកអាហ្រ្វិក ដែលគំរាមដល់ការផ្គត់ផ្គង់ស្បៀង
ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានព្រមានថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកកំពុងរាតត្បាតនៅក្នុងប្រទេស និងកំពុងជះផលប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ស្បៀង និងឧស្សាហកម្មចិញ្ចឹមសត្វ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥។
អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះ បានរកឃើញករណីជំងឺប៉េស្តជ្រូកអាហ្រ្វិកចំនួន ៥១៤ករណី នៅក្នុងទីក្រុងនិងខេត្តចំនួន ២៨ ក្នុងចំណោម ៣៤ទូទាំងប្រទេស។ ជាមួយគ្នានេះ បានបណ្តាលឱ្យសម្លាប់សត្វជ្រូកមានវីរុសចំនួនជាង ៣ម៉ឺនក្បាល។
រដ្ឋាភិបាលបានជម្រាបថា ការរាតត្បាតនៃជំងឺនេះ «ជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មចិញ្ចឹមជ្រូក ការផ្គត់ផ្គង់ស្បៀង និងបរិស្ថាន»។ ទោះបីជា វៀតណាមបានអនុម័តឱ្យប្រើវ៉ាក់សាំងក្នុងស្រុកសម្រាប់ជំងឺនេះចាប់ពីឆ្នាំ២០២៣មកវិញ ក៏ដោយ អត្រាចាក់វ៉ាក់សាំងនៅមានកម្រិតទាប។ មន្ត្រីបសុសត្វនៅខេត្ត Quang Ngai បានបញ្ជាក់ថា មានតែជ្រូកប្រហែល ៣០ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាក់វ៉ាក់សាំងក្នុងខេត្តនេះ។
សូមជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក គឺជាជំងឺសំខាន់មួយដែលបានរំខានដល់ទីផ្សារសាច់ជ្រូកសកលអស់ជាច្រើនឆ្នាំ។ កាលពីឆ្នាំ ២០១៨–២០១៩ ការរាតត្បាតនៃជំងឺនេះបានបណ្តាលឱ្យប្រទេសចិន គឺជាអ្នកផលិតសាច់ជ្រូកធំបំផុតក្នុងពិភពលោក បាត់បង់សត្វជ្រូកចិញ្ចឹមជាងពាក់កណ្តាល ហើយមានការខាតបង់សេដ្ឋកិច្ចអស់ជាង ១០០ពាន់លានដុល្លារ៕
