សាឡាត់ ស្រីឡាង ចេញមកទទួលស្គាល់កំពុងជួបវិបត្តិហិរញ្ញវត្ថុសុំម្ចាស់បំណុលទុកពេលដោះស្រាយ
តារាសម្តែង សាឡាត់ ស្រីឡាង បានចេញមុខទទួលស្គាល់ថាពិតជាមានបញ្ហាបំណុលមែននិងការរកស៊ីខាតដោយព្យាយាមដោះស្រាយបញ្ហាទាំងអស់មិនរត់គេចឡើយ។ តារាស្រីរូបនេះថាកុំឆាប់ទុកចិត្តលើមនុស្សខុសគឺពិបាកកែណាស់ខាតទាំងលុយបាត់ទាំងកិត្តិយសហើយបាក់ទាំងទឹកចិត្ត។
នៅយប់ថ្ងៃទី២០ ខែធ្នូ កញ្ញា សាឡាត់ ស្រីឡាង បានចេញមកបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំសាឡាត់ ស្រីឡាង មួយរយ:នេះខ្ញុំពិតជាមានបញ្ហារឿងបំណុលមែន បញ្ហាខាតរឿងបើកហាងរកស៊ីហើយនឹងបញ្ហាផ្សេងច្រើនទៀត។ កន្លងមកនេះខ្ញុំពិតជាព្យាយាមក្នុងការរកដំណោះស្រាយក្នុងបញ្ហាទាំងអស់នឹង ខ្ញុំមិនគេចវេសទេតែខ្ញុំសូមពេលក្នុងការដោះស្រាយបញ្ហាទាំងអស់នឹងមែន(ម្ចាស់បំណុលខ្លះខ្ញុំបានដោះស្រាយជូនបានខ្លះនឹងខ្លះទៀតគឺនៅ)»។
តារាស្រីរូបនេះបានបន្តទៀតថា «ខ្ញុំពិតជាសូមទោសដែលយឺតយាវ ដោយសារបញ្ហាមកជាបន្តបន្ទាប់ ខ្ញុំពិតជាអរគុណដល់បងៗដែលគាត់យោគយល់និងទុកពេលឱ្យខ្ញុំដោះស្រាយអរគុណដល់បងៗដែលផ្តល់ការងារដល់ខ្ញុំ ដើម្បីឱ្យបានចំណូលយកមកដោះស្រាយ»។ ចុងក្រោយ សាឡាត់ ស្រីឡាង ថាសុំកុំឆាប់ទុកចិត្តលើមនុស្សខុសគឺពិបាកកែណាស់ ខាតទាំងលុយ បាត់ទាំងកិត្តិយសហើយបាក់ទាំងទឹកចិត្ត បំណុលគឺនាងទទួលហើយក៏មិនគេចវេសដែរ។