តារាសម្តែងចិនដែលបាត់ខ្លួន នៅប្រទេសថៃ ត្រូវបានរកឃើញដោយមានសុវត្ថិភាព និងកំពុងស៊ើបអង្កេតរឿងក្ដីនេះជាបន្តទៀត
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋានជាតិថៃបានចេញសេចក្តីថ្លែងការណ៍ថា អគ្គស្នងការនគរបាលជាតិថៃបានដឹកនាំក្រុមការងារចុះទៅដល់ស្រុកMae Sotខេត្តTakដែលស្ថិតនៅព្រំដែនថៃនិងមីយាន់ម៉ាដើម្បីទទួលលោកWang Xingតារាសម្តែងចិនមកក្រុងបាងកកវិញហើយនឹងធ្វើការស៊ើបអង្កេតជាបន្តទៀត។
អគ្គស្នងការនគរបាលជាតិថៃបានថ្លែងថា ការជួយសង្រ្គោះលោកWang Xingដោយជោគជ័យគឺជាសមិទ្ធផលនៃកិច្ចសហការជាមួយរដ្ឋាភិបាលចិន។
សូមជម្រាបជូនផងដែរថា តារាសម្តែងលោក wang Xing អាយុ៣១ឆ្នាំ ត្រូវបានគេរាយការណ៍ថា លោកបានចាកចេញពីអាកាសយានដ្ឋាន Shanghai Pudong ហើយមកដល់អាកាសយានដ្ឋាន Suvarnabhumi នៅជាយក្រុងបាងកក កាលពីម៉ោង៣ទាបភ្លឺ ថ្ងៃសុក្រកន្លងទៅ ក្រោយលោកត្រូវបានអញ្ជើញឱ្យចូលរួមការជ្រើសរើសបេក្ខជន សម្រាប់តួអង្គក្នុងខ្សែភាពយន្តមួយ។
យ៉ាងណាមិញ ពេលមកដល់ថៃ លោក Wang Xing បានធ្វើដំណើរត្រង់ទៅកាន់ខេត្ត Tak តែម្តង ជាទីកន្លែងដែលបាត់ការទាក់ទងទាំងអស់ ជាមួយរូបលោក។
គួរបញ្ជាក់ថា យោងតាមប៉ូលិសថៃ បានបញ្ជាក់ថាគឺមានអ្នកបើកបររថយន្តម្នាក់ បាននាំរូបលោកចាកចេញពីព្រលានយន្តហោះ ទៅកាន់តំបន់ព្រំដែន ក្នុងស្រុក Mae Sot នៃខេត្ត Tak ហើយនៅទីនោះ មានបុគ្គលម្នាក់ទៀត បាននាំតារាសម្តែងចិនរូបនោះ ឆ្លងចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ប៉ូលិសថៃ កំពុងធ្វើការគ្រោងបើកការស៉ើបអង្កេតឱ្យហ្មត់ចត់លើករណីនេះ ដោយសារ វាហាក់បីដូចជាសកម្មភាព របស់ ក្រុមឧក្រិដ្ឋជនជួញដូរមនុស្សហើយប្រសិនបើនេះជាការជួញដូរមនុស្សមែន នោះភាគីថៃនឹងចាប់ដំណើរការនីតិវិធីការពារតាមរយៈការិយាល័យអន្តោប្រវេសន៍ដើម្បីបញ្ជូនលោកWang Xingត្រឡប់ទៅចិនវិញ។
តែប្រសិនបើលោកWang Xingពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់ណាមួយ នោះភាគីថៃនឹងបន្តចំណាត់ការតាមនីតិវិធីច្បាប់ផងដែរ៕