ស្របពេលស្រូវវៀតណាមធ្លាក់ថ្លៃ សហគមន៍កសិកម្មទំនើបក្លាយជាដំណោះស្រាយសម្រាប់កសិករខ្មែរ
មួយរយះពេលមកនេះមានការតវ៉ាជាច្រើនជុំវិញរឿងតម្លៃរបស់ស្រូវដែលមានការចុះថោកយ៉ាងខ្លាំង។ ស្របពេលដែលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីឃុំអូរកន្ទរ និងឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើការស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛ក្នុងមួយគីឡូក្រាមឡើងទៅ។
ដើម្បីជាភាពងាយស្រួលដល់ប្រជាកសិករនោះ ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារអាមេរិក ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។ នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។
ជាមួយគ្នាផងដែរ បើសិនអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។ ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងហើយ។
សូមជម្រាបជូនថា ស្រូវសែនក្រអូប គឺជាពូជស្រូវស្រាលមិនប្រកាន់រដូវដែលបន្សុទ្ធ និងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI នៃក្រសួងកសិកម្ម កាលពីចុង ឆ្នាំ ២០១៩។ ស្រូវប្រភេទថ្មីនេះមានរូបរាងស្រឡូនស្អាត, អង្ករមានពណ៌ថ្លារលើប, គ្រាប់ អង្ករ វែងៗ។ បើជាបាយវិញ វាមានក្លិនក្រអូបប្រហើរ, រសជាតិឆ្ងាញ់, មិនទន់ ឬរឹងពេក ដែល លក្ខណៈទាំងអស់នេះ ពេញនិយមបំផុតនៅលើទីផ្សារជាតិ និងអន្តរជាតិ។
ទន្ទឹមនឹងនេះ កាលពីចុងឆ្នាំ២០២៣ និង២០២៤ ពូជស្រូវប្រភេទថ្មីនេះ ទទួលបានពានរង្វាន់មាស មួយ ពី ប្រទេសចិន តាមរយៈការវាយតម្លៃពីលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែង រលូន និងបាយទន់ឆ្ងាញ់ពិសា៕