
នារីម្នាក់រងការគម្រាមប្តឹង ពីខាងក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ចិន្តាសុវណ្ណ បន្ទាប់ពីទម្លាយសារ រឿងតៃកុងឡាន ចង់…ពេលនាងជិះរថយន្តម្នាក់ឯង

ភ្នំពេញ៖ នារីម្នាក់ដែលជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Nex បានអះអាងថា នាងត្រូវបានក្រុមហ៊ុនដឹកអ្នកដំណើរ សាខាអូរស្មាច់ គំរាមប្តឹង បន្ទាប់ពីបានបង្ហោះសារ ទម្លាយរឿង តៃកុងឡានរបស់ក្រុមហ៊ុន ចិន្តាសុវណ្ណ ដែលមានបំណងមិនល្អពេលជិះរថយន្តដេកតែឯង ។
គួរបញ្ជាក់ថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ ម្ចាស់គណនី Nex បានបង្ហោះសារដោយមានខ្លឹមសារ “ល្អពេកហើយលោកតៃកុងឡានក្រុមហ៊ុនមួយ (សូមមិនបញ្ចេញឈ្មោះទេមើលទៅដឹងតែមានអ្នកស្គាល់ច្រើនហើយ ) ឃើញគេជិះឡានដេកម្នាក់ ឯងហើយឡើងមកដេកជិតគេ ហើយគិតថាគេស្រីចិត្តងាយ ហើយចង់បៀតបៀនគេចឹង ? សុទ្ធតែហៅគេអោយដេកលើដៃ ដេកក្បែរបង គិតអីពូ ធ្វើជាប្រុសនឹងគេដែរគួរតែចេះឪ្យតម្លៃមនុស្សស្រីផង”។
ជាមួយគ្នានោះនាង ក៏បានបញ្ជាក់ថា រឿងនេះ តៃកុងឡានមិនបានប៉ះពាល់ទេ ប៉ុន្តែចង់ព្រមានកុំអោយមានថ្ងៃក្រោយ អ្នកជិះម្នាក់ឯងប្រុងប្រយ័ត្នទាំងអស់គ្នាបងប្អូននារី។
បន្ទាប់ពីការបង្ហោះសារនេះ ម្ចាស់គណី Nex ត្រូវបានខាងក្រុមហ៊ុនខលមកគំរាម ដោយនាងរៀបរាប់ថា “នាងខ្ញុំជាសាម៉ីខ្លួននៅក្នុងរឿងនេះ ខណៈពេលនេះខាងក្រុមហ៊ុន (មេបុរសនោះសាខាអូរស្មាច់) បានខលមកនាងខ្ញុំដោយគម្រាមថានឹងដាក់ពាក្យបណ្ដឹង ទាំងដែលខ្ញុំជាជនរងគ្រោះ ដោយគាត់សំអាងដដែលៗថាទាល់តែខ្ញុំព្រមដេកជាមួយវាបានវាអ្នកខុស សូមបងប្អូនជួយពិចារណាខ្ញុំផង។
យ៉ាងណាក៏ដោយមកទល់ពេលនេះ ខាង Trending News នៅមិនទាន់អាចសុំការបំភ្លឺពីខាងក្រុមហ៊ុនដឹកអ្នកដំណើរ ចិន្តាសុវណ្ណ បាននៅឡើយទេ ជុំវិញនិងការលើកឡើង អំពីកិរិយាមិនសមរម្យរបស់តៃកុងឡាន ដឹកអ្នកដំណើរនាពេលយប់របស់ក្រុមហ៊ុន ៕

