
សម្តេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវកាលពីជាង៥០ឆ្នាំមុនសម្រាប់ជីវិតសម្តេច ដែលចងចាំនៅក្នុងខែមេសា
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហោះសាររំលឹករឿងរ៉ាវមួយចំនួនដែលសម្តេច បានឆ្លងកាត់កាលពីជាង៥០ឆ្នាំមុន ក្នុងខែមេសា ជាការចងចំាសម្រាប់ជីវិតសម្តេច។
សម្តេចតេជោ បានបង្ហោះសារដោយមានខ្លឹមសារថា “រឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុនសម្រាប់ជីវិតខ្ញុំ។ ថ្ងៃ៤មេសា កន្លងមកជាខួបលើកទី៥៥ឆ្នាំ នៃការចូលរួមចលនារំដោះជាតិ តាមការអំពាវនាវ របស់សម្តេចព្រះបិតាជាតិ (៤ មេសា ១៩៧០.៤ មេសា ២០២៥)។ ១៣មេសាកន្លងមកជាខួបលើកទី៥១ឆ្នាំ ដែលខ្ញុំបានជួបមុខភរិយាខ្ញុំ ជាលើកទី២ បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាម នាចុងខែមីនា១៩៧៤ (១៣ មេសា ១៩៧៤.១៣ មេសា ២០២៥) ។ ចុងក្រោយនៅថ្ងៃ១៦ មេសា ជាខួបលើកទី៥០ឆ្នាំ នៃការត្រូវរបួសធ្ងន់ និងពិការភ្នែកឆ្វេង (១៦ មេសា ១៩៧៥.១៦ មេសា ២០២៥) ។
ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លងមកនេះ មានរឿងច្រើនណាស់ដែលបានកើតចំពោះខ្ញុំ។ ក្រៅពីរឿងយោធា, នយោបាយ, ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួន គឺជីវិតកាលនៅកម្លោះ, ជីវិតពេលមានភរិយា, ជីវិតពេលមានកូន, ជីវិតពេលមានចៅ។ ពេលនេះកំពុងរង់ចាំជីវិតពេលមាន ចៅទួតតែប្រហែលត្រូវរង់ចាំយូរបន្តិចព្រោះចៅៗកំពុងរៀន៕

