
រដ្ឋមន្ត្រី ហួត ហាក់ ចុះពិនិត្យជាក់ស្តែងរមណីយដ្ឋានបឹងមាលា ដើម្បីជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាន អញ្ជើញសំណេះសំណាលជាមួយភ្ញៀវទេសចរក្នុងកំឡុងពេលចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅប្រាសាទបេងមាលា ក្នុងគោលដៅជំរុញនិងផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងតំណាងគ្រឹះស្ថានអង្គរ និងមន្ទីរទេសចរណ៍ខេត្តសៀមរាប។
សូមបញ្ជាក់ជូនបន្ថែមថា ប្រាសាទបេងមាលា ជាប្រាសាទមួយដ៏ល្បីសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ អញ្ជើញចូលមកទស្សនា ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងរចនាបទដ៏អស្ចារ្យ ជាពិសេសគឺថ្មប្រាសាទដែលរុំព័ទ្ធដោយស្លែទឹកពណ៌ខៀវ បានធ្វើអោយលេចបរិវេណប្រាសាទទាំងមូលប្រៀបបាននឹងឋានមួយទៀតពីភពផែនដី។ ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាបថអង្គរវត្ត សង់លើផៃ្ទដីរាបស្មើទំហំ១៤ហិកតា (១៨១ម៉ែត្រគុណនឹង១៥២ម៉ែត្រ) មានកំពែង៣ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន មានចម្ងាយ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប៕

