
កម្ពុជា-អូស្ត្រាលី ពិភាក្សាគ្នាលើយន្តការគ្រប់គ្រងនិងការប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចជំនួបអាហារពេលល្ងាចជាមួយលោកស្រី Frances Adamson អភិបាលរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) នៃប្រទេសអូស្ត្រាលី នៅនិវេសនដ្ឋានឯកអគ្គរាជទូតអូស្ត្រាលី ក្នុងរាជធានីភ្នំពេញ ភាគីទាំងពីរកម្ពុជា-អូស្ត្រាលី បានពិភាក្សាគ្នាលើយន្តការនៃការគ្រប់គ្រងនិងការប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព។
បើតាមការបង្ហាញរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា កិច្ចជំនួបនាពេលនេះ
បានផ្តោតការពិភាក្សាលើយន្តការនៃការគ្រប់គ្រងនិងការប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងបរិយាបន្ន ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានោះ លោកស្រី អភិបាលរដ្ឋអូស្ត្រាលីខាងត្បូងបានមានប្រសាសន៍ចែករំលែកពីបទពិសោធន៍នៃការគ្រប់គ្រងទន្លេ Murray Darling និងតម្រូវការទឹកពីគ្រប់ដៃគូពាក់ព័ន្ធ។ ក្នុងប្រទេសអូស្រ្តាលី បើទោះបីជាការគ្រប់គ្រងគឺរវាងរដ្ឋនិងរដ្ឋក៏ដោយ ប៉ុន្តែយន្តការសម្របសម្រួល និងគោលការណ៍ឈ្នះឈ្នះពិតជាមានសារសំខាន់ណាស់។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ជូនថា សម្រាប់កម្ពុជាគឺមានទន្លេមេគង្គ និងបឹងទន្លេសាបដែលជាប្រភពទឹកដ៏សំខាន់ ហើយការប្រើប្រាស់ទន្លេមេគង្គរួមគ្នាជាមួយសមាជិកមេគង្គផ្សេងទៀតគឺសំដៅរក្សាឱ្យបាននូវលំនឹងប្រព័ន្ធអេកូឡូស៊ី និងភាពសុខដុមនីយកម្ម។ លើសពីនេះ លោករដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសកម្ពុជាមានរបបពីរទៀងទាត់គឺប្រាំងនិងវស្សា ប៉ុន្តែទាមទារឱ្យមានគោលនយោបាយជាក់លាក់ក្នុងការគ្រប់គ្រងទឹក ដើម្បីធានាបាននូវធនធានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់ពហុវិស័យ សំដៅជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ៕

