Cambodia Trending Close

នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យកម្លាំងជំនាញកុំបន្ធូរដៃលើការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន

ដោយ៖ គុជ ឥន្ទាវុធ ​​ | 14 ម៉ោងមុន សង្គម
នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យកម្លាំងជំនាញកុំបន្ធូរដៃលើការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន នាយឧត្តមសេនីយ៍ ស ថេត បញ្ជាឱ្យកម្លាំងជំនាញកុំបន្ធូរដៃលើការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានដាក់បទបញ្ជាដល់កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបន្ដប្រតិបត្តិការកុំបន្ធូរដៃលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំឆមាសទី១ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញឱ្យផ្ដោតការយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលត្រូវបន្ដយកចិត្តទុកដាក់ចំពោះកូនចៅរបស់ខ្លួន ដើម្បីជៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ដើម្បីឱ្យការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវសហការជាមួយគ្រប់ស្ថាប័ន អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធឱ្យបានស្អិតរមួត និងចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅរួមគ្នា។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀននៅតែជាក្តីកង្វល់របស់សកលលោក ប្រទេសនៅក្នុងតំបន់ ក៏ដូចនៅក្នុងប្រទេសកម្ពុជា។ នាយឧត្តមសេនីយ៍ អះអាងថា គ្រឿងញៀន គឺបានបំផ្លាញអនាគតរបស់យុវវ័យ ដែលទំពាំងស្នងឬស្សី ដូច្នេះត្រូវតែរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង