
កម្ពុជា និង៥៣ប្រទេសផ្សេងទៀត ចូលរួមវេទិការអានាគតសម្រាប់ប្រទេសអភិវឌ្ឍតិចតួចលើកទី៣
ភ្នំពេញ៖ លោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូលរួមវេទិកាអនាតគសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច លើកទី៣ «The third LDCs Future Furum» ក្រោមប្រធានបទ បង្កើនភាពធន់៖ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការពង្រឹងភាពធន់របស់ប្រទេសអភិវឌ្ឍន៍តិចតួចប្រឆាំងនឹងការផលប៉ះពាល់ជាប្រព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់៣ ខែមេសា ឆ្នាំ២០២៥។
វេទិកានេះមានការចូលរួមពី៥៤ប្រទេស និងមានអ្នកចូលរួមប្រមាណ២៥០នាក់ មកពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច។ កម្មវិធីបើកប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Hakainde Hichlema ប្រធានាធិបតី នៃសាធារណរដ្ឋ Zambia។
សូមបញ្ជាក់ជូនថា ប្រទេសកម្ពុជា គឺជាសមាជិកនៃក្រុមប្រទេសដែលអភិវឌ្ឍន៍តិចតួច (LDC) និងមានការរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ យោងតាមការសិក្សារួមគ្នារបស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្យាករណ៍ថាដោយសារការប្រែប្រួលអាកាសធាតុ នឹងកាត់បន្ថយ GDP នៃប្រទេសដល់ ២,៥% ក្នុងឆ្នាំ២០៣០ និង៩,៨% នៅក្នុងឆ្នាំ២០៥០ ប្រសិនបើយើងមិនចាត់វិធានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនោះទេ។
ឈរលើជំហរ ក្នុងនាមជាសមាជិក LDCs កម្ពុជាបានខិតខំប្រឹងប្រែង និងសម្រេចបានទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងរីករាយសហការជាមួយ LDCs ផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាជួយដល់កម្ពុជា និងប្រទេស LDCs ទាំងមូល ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តភាព៕

