
ចិនជម្លៀសប្រជាពលរដ្ឋជាង ៨ ម៉ឺននាក់ ពីទឹកជំនន់ នៅខេត្ត Guizhou
យោងតាមសារព័ត៌មាន CNA កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ ទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល ៥០ ឆ្នាំបានវាយប្រហារខេត្ត Guizhou នៅភាគនិរតីនៃប្រទេសចិន បណ្តាលឲ្យប្រជាពលរដ្ឋជាង ៨០,០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន។ ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់បាននាំអោយលិចសហគមន៍ទាំងមូល និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់បរិក្ខារសាធារណៈ និងជីវភាពរបស់ប្រជាជន។
ក្រុមជួយសង្គ្រោះបានប្រើទូក និងយន្តហោះគ្មានមនុស្សបើក (drone) ក្នុងការជម្លៀសអ្នកស្រុក និងដឹកជញ្ជូនសម្ភារៈចាំបាច់ ដូចជាអង្ករជាដើម។ ខេត្តជិតខាងដូចជា Guangxi និង Hunan ក៏ទទួលរងផលប៉ះពាល់ផងដែរ ដោយមានប្រជាជនរាប់ម៉ឺននាក់ត្រូវបានបង្ខំចិត្តឲ្យផ្លាស់ទី។
បន្ថែមពីនេះ នៅដើមខែមិថុនា ក៏មានមនុស្សជិត ៧០,០០០នាក់ ត្រូវជម្លៀសចេញ ដោយសារការខូចខាតដែលបង្កឡើងដោយព្យុះទីហ្វុង Wutip នៅភាគខាងត្បូងប្រទេស។
នៅក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ ស្ថាប័នរៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ចិនបានចែកប្រាក់ជំនួយចំនួន ១០០ លានយ័ន (ប្រហែល ១៤ លានដុល្លារ) សម្រាប់ជួយសង្គ្រោះ និងស្ដារឡើងវិញនៅតំបន់ដែលរងគ្រោះ។
រដ្ឋាភិបាលចិនបានចេញការព្រមាន អាសន្នពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុតចំពោះជំនន់ទឹកពីភ្នំ នៅក្នុងតំបន់ចំនួន ៦ ខណៈភាគផ្សេងទៀតនៃប្រទេសក៏ប្រឈមមុខនឹងរលកក្តៅដ៏សឹងតែមិនធម្មតា។
បាតុភូតអាកាសធាតុធ្ងន់ធ្ងរទាំងនេះត្រូវបានចងភ្ជាប់ជាមួយនឹងការប្រែប្រួលអាកាសធាតុ និងការបំភាយឧស្ម័នផ្ទះកញ្ចក់។ ទោះបីជាចិនជាប្រទេសផលិតឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុតលើពិភពលោកក៏ដោយ រដ្ឋាភិបាលបានសន្យាថានឹងឈប់បញ្ចេញកាបូនបន្ថែមនៅឆ្នាំ ២០៦០។ ខណៈពេលដូចគ្នា ប្រទេសនេះក៏កំពុងជំរុញការអភិវឌ្ឍថាមពលស្អាត ដូចជាថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ដើម្បីក្លាយជាអ្នកដឹកនាំផ្នែកថាមពលបៃតងនៅលើពិភពលោក៕
