Cambodia Trending Close

មេរោគ Norovirus ដែលកំពុងផ្ទុះឆ្លងលើក្មេងៗនៅចិន រហូតសាលាមួយចំនួនត្រូវផ្អាករៀនក្នុងថ្នាក់បណ្ដោះអាសន្ន

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០២៤ សុខភាព
មេរោគ Norovirus ដែលកំពុងផ្ទុះឆ្លងលើក្មេងៗនៅចិន រហូតសាលាមួយចំនួនត្រូវផ្អាករៀនក្នុងថ្នាក់បណ្ដោះអាសន្ន មេរោគ Norovirus ដែលកំពុងផ្ទុះឆ្លងលើក្មេងៗនៅចិន រហូតសាលាមួយចំនួនត្រូវផ្អាករៀនក្នុងថ្នាក់បណ្ដោះអាសន្ន

ថ្មីៗនេះ តំបន់ជាច្រើនក្នុងប្រទេសចិនកំពុងតែផ្ទុះឆ្លងខ្លាំងនូវមេរោគ Norovirus ដោយមេរោគនេះដែរបានរាលដាលឆ្លងតាំងពីខែតុលា ឆ្នាំ ២០២៤ កន្លងទៅមកម្ល៉េះ។ ការផ្ទុះឆ្លងមេរោគនេះដែរ កើតមានឡើងទៅលើក្មេងៗសិស្សសាលារាប់តាំងពីថ្នាក់មតេយ្យរហូតដល់ច្នាក់បឋម ដោយធ្វើឱ្យខាងសាលាត្រូវបង្ខំចិត្តផ្អាកការសិក្សាក្នុងថ្នាក់មួយរយៈដោយឱ្យសិស្សរៀនតាមអនឡាញវិញដើម្បីការពារកុំឱ្យមានការរាលដាលឆ្លងកាន់តែខ្លាំង។

មេរោគ Norovirus មិនមែនជាមេរោគទើបតែផ្ទុះឡើងនាពេលថ្មីៗទេ មេរោគនេះបានផ្ទុះឆ្លងតាំងពីឆ្នាំ 1968 មកម្ល៉េះ នៅក្រុង Norwalk រដ្ឋ Ohio សហរដ្ឋអាមេរិក និងត្រូវបានប្រកាសដាក់ឈ្មោះ norovirus ជាផ្លូវការតាមក្រុង Norwalk នៅក្នុងឆ្នាំ 1972។

Norovirus គឺជាមេរោគមួយដែលផ្ទុះឆ្លងខ្លាំងបំផុតនៅក្នុងរដូវរងា ពោលគឺវាងាយឆ្លងក្នុងអាកាសធាតុត្រជាក់។ មេរោគនេះអាចកើតមានឡើងទាំងលើមនុស្សធំ និងកុមារ វាជាមេរោគងាយឆ្លងខ្លាំងដែលធ្វើឱ្យអ្នកជំងឺក្អួត និងរាក។

អ្នកឆ្លងមេរោគនេះភាគច្រើនដែលមានប្រព័ន្ធភាពស៊ាំល្អ អាចធូរស្រាលឡើងវិញក្នុងរយៈពេលចន្លោះពី 1 ទៅ 3 ថ្ងៃ ប៉ុន្តែមិនមែនមានន័យថាអស់មេរោគពីខ្លួននោះឡើយ។ បើទោះជាលែងមានចេញរោគសញ្ញាតទៅទៀតក៏ពិតមែន តែមេរោគនៅមានសេសសល់ក្នុងខ្លួនដែលអាចឱ្យពួកគេនៅតែអាចចម្លងទៅអ្នកដទៃបាន។

ជាធម្មតា អ្នកដែលកើតមានមេរោគ Norovirus រោគសញ្ញានឹងកើតមានឡើងចន្លោះពី 12 ទៅ 48 ម៉ោង ដោយរោគសញ្ញាទាំងនោះមានដូចជា រាករូស ឈឺពោះ ក្អួត ឈឺក្បាល គ្រុនក្ដៅ និង ឈឺខ្លួនជាដើម។ Norovirus គឺជាមេរោគមួយដែលធន់នឹងកម្ដៅ និង ថ្នាំសម្លាប់មេរោគផ្សេងៗ ដែលធ្វើអោយវាងាយកើតមាននិងចម្លងពីមនុស្សម្នាក់ទៅមនុស្សម្តងទៀត។

ចំពោះវិធីចម្លងរបស់វាជាញឹកញាប់ កើតមានលើអាហារ និងទឹកដែលមានផ្ទុកមេរោគនេះ ជាពិសេសទឹកកក ផ្លែឈើស្រស់ បន្លែ និងអយស្ទ័រអីជាដើម។ មួយទៀត ការប៉ះជាមួយរបស់របរ ឬវត្ថុដែលមានមេរោគ Norovirus ហើយមិនបានសម្អាតដៃអោយបានត្រឹមត្រូវទៅ ចាប់ចំណីអាហារញ៉ាំ ឬបើរក្មេងៗតូចៗយកដៃលូកចូលមាត់ពួកគេ ផងដែរ។ មួយទៀតគឺការមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំងឺ Norovirus។

ចំពោះវិធីការពារការឆ្លងមេរោគនេះវិញ ដោយសារតែវាធន់នឹងកម្ដៅ និងថ្នាំសម្លប់មេរោគ ឬអាល់កុលផ្សេងៗ ដូចនេះវិធីសាស្ត្រចម្បងបំផុតនោះគឺការថែរក្សាអនាម័យឱ្យបានល្អ។ មុនចាប់កាន់អាហារ ឬក្រោយពីចូលបន្ទប់ទឹករួច ត្រូវលាងដៃឱ្យបានស្អាតជានិច្ច។ ផឹកទឹកស្អាត និងញ៉ាំអាហារដែលទទួលបានការចម្អិនល្អ។ ជៀសវាងញ៉ាំអាហាររួមគ្នាជាមួយអ្នកដទៃ ជាពិសេសអ្នកដែលកំពុងមានជំងឺ៕

អត្ថបទទាក់ទង